ញាន ផល្លឹក៖ ទុកស្នាដៃខ្ញុំសម្រាប់កូនខ្មែរជំនាន់ក្រោយ…
ទំព័រ នេះ Sabay សូមនាំយកខ្សែជីវិតពិត របស់ផលិតករ ញាន ផល្លឹកដែលបានសម្រេចស្នាដៃរបស់ខ្លួនដោយជោគជ័យ គឺរថយន្តអង្គរ។ ជាមួយសមត្ថភាពមិនគួរឲ្យជឿជាច្រើន ដែលលោក ផល្លឹកស្ដែងឲ្យឃើញនោះ គឺលោកគ្រាន់តែចង់រក្សាស្នាដៃដ៏ត្រចះត្រចង់នេះ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ។
ប្រវត្តិ សង្ខេប
| ឈ្មោះ | ថ្ងៃខែឆ្នាំកំណើត | ទីកន្លែងកំណើត | ស្នាដៃ |
| ញាន ផល្លឹក | ១៩ កញ្ញា ១៩៥៨ | ភ្នំពេញ | រថយន្តអង្គរ ២០០៣រថយន្ត អង្គរ ២០០៤
រថយន្ត អង្គរ ២០១០ |
លោក ញាន ផល្លឹក កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ១៩៥៨ មានដើមកំណើតនៅរាជធានីភ្នំពេញ សង្កាត់លេខ២ ខណ្ឌទួលគោក ប៉ុន្តែក្នុងរបបប៉ុលពតលោកត្រូវបានជន្លាសចេញពីស្រុកកំណើត។ ក្រោយថ្ងៃ ៧ មករា ១៩៧៩ លោកក៏បានធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយប្ដូរទីកន្លែងកំណើតទៅស្រុក កំពង់ត្របែក ឃុំកំពង់ត្របែក ខេត្តព្រៃវែង ទីកំណើតរបស់ឪពុកលោកវិញ។
ស្ថានភាព គ្រួសារ
លោក ញាន ផល្លឹក មានសមាជិកក្នុងគ្រួសារចំនួន ១១ នាក់ ហើយលោកជាកូនទី ៨ ក្នុងចំណោមបងបង្អូន ៩ នាក់ ប៉ុន្តែជាអកុសលសមាជិកអស់ ៧ នាក់ផ្សេងទៀតត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងរបបប៉ុលពត ដែលក្នុងនោះមានបងប្អូន ទាំងអស់៥នាក់ បូករួមឪពុកម្ដាយជាទីគោរពរបស់លោក។ ក្នុងនោះឪពុកលោកមានឈ្មោះ រ៉ូយ នាញាន ជានាយករោងពុម្ព ពុំ វិចិត្រ អតីតរោងពុម្ពហង់រី និងម្ដាយឈ្មោះ គីម អូន ជាមេផ្ទះ។

ជីវិត កុមារភាព
បើនិយាយពីជីវិតកាលពីកុមារវិញ លោកជាមនុស្សមាននិស្ស័យចូលចិត្តច្នៃប្រឌិត ឆ្ងល់ច្រើន រពឹសដៃ ចូលចិត្តធ្វើនេះធ្វើនោះជាច្រើន។ លោកចេះធ្វើធុងបាស តុ ទូតាំង និងឧបករណ៍ជាច្រើនទៀត តាំងពីលោកមានអាយុ១០ឆ្នាំមកម្ល៉េះ។ ចំណែកការសិក្សាវិញ លោករៀនបានត្រឹមតែថ្នាក់ទី១ទំនើបជាតិនៃវិទ្យាល័យបឹងកក់ ក្រុងភ្នំពេញ មុនរបបប៉ុលពត។ ក្នុងរយះពេលសិក្សា លោកជាសិស្សពូកែមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យាប្រចាំសាលា។ ថ្នាក់ទីមួយ ទំនើបជាតិកាលនោះ បើធៀបមកសាលាចំណេះទូទៅបច្ចុប្បន្នយើងវិញ គឺប្រហាក់ប្រហែលទៅនឹងថ្នាក់ទី ១២ ឬខ្ពស់ជាងនេះ។
បើ និយាយដល់បញ្ហាជីវភាពវិញ គ្រួសារលោកមានជីវភាពធូរធារគ្រាន់បើ ដោយសារជំនាន់នោះឪពុករបស់លោកជានាយករោងពុម្ព។ សម័យនោះឪពុកលោកជាអ្នកមានដែលមានឋានៈសឹងស្មើនឹងគហបតីដែរ
ជីវិតអាពាហ៍ពិពាហ៍
លោក ផល្លឹក បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ១៩៨១ ជាមួយនារីម្នាក់ឈ្មោះ នាង ជា នៅស្រុកកំណើតរបស់ឪពុកលោកក្នុងខេត្តព្រៃវែងតែម្ដង។ ក្រោយពីជំនាន់ប៉ុលពតមក ពិតជាពិបាកណាស់សម្រាប់លោកនឹងភរិយា ព្រោះតែការចាប់ផ្ដើមនៅលើខ្សែជីវិតដែលគ្មានអ្វីទាំងអស់ និយាយអោយចំគឺបាតដៃទទេ។
គូស្នេហ៍ ថ្មីថ្មោងនេះ ខិតខំតស៊ូធ្វើស្រែចម្ការទាំងលំបាកលំបិនអស់រយះពេល ៤ឆ្នាំ។ ក្នុងឆ្នាំ១៩៨៤ ទើបលោកសម្រេចចិត្តផ្លាស់មករស់នៅក្នុងក្រុងភ្នំពេញដើម្បីចាប់យក អាជីពថ្មីជាមួយភរិយា រហូតមកដល់បច្ចុប្បន្ន។
រយះ ពេលដែលលោក និងភរិយាចាប់ដៃគ្នាសាងអនាគត លោកទទួលបានកូនចំនួន ៤ នាក់ ក្នុងនោះកូនស្រីចំនួន ៣នាក់ និងកូនប្រុសម្នាក់។ កូនទី១ឈ្មោះ ញាន លក្ខិណា ជាអ្នកគូរប្លង់រថយន្ត។
កូនទី២ ឈ្មោះ ញាន កល្យាណ បច្ចុប្បន្ននិស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យា សាស្ត្រសេដ្ឋកិច្ច។ កូនទី៣ឈ្មោះ ញាន តារា បច្ចុប្បន្ននិស្សិតនៅសកលវិទ្យាល័យន័រតុន និងកូនទី៤ ឈ្មោះ ញាន បញ្ញាវត្តី មានអាយុទើបតែ១០ ឆ្នាំ រៀនថ្នាក់ទី៤។
អាជីព ចិញ្ចឹមជីវិត
ឆ្នាំ ១៩៨៤ ពេលមកដល់ភ្នំពេញដំបូងលោកបានចាប់យកអាជីពជាជាងម៉ូតូអស់រយះពេល ៣ឆ្នាំ។ សូមបញ្ជាក់ថាក្នុងជំនាន់នោះមិនទាន់មានម៉ូតូម៉ូដទំនើបៗដូចសម័យ នេះទេ គឺមានតែម៉ូតូវេសស្ពា (Vespa) និងហុងដា CL តែប៉ុណ្ណោះ។ ការចាប់យកអាជីពធ្វើម៉ូតូនេះ លោកមិនមានចំណេះដឹងផ្នែកនេះទេគឺគ្រាន់តែមករៀនដើម្បីដូរបាយហូប តែប៉ុណ្ណោះ។
ក្រោយ មកក្នុងឆ្នាំ ១៩៨៥ លោកក៏បែកគំនិតទៅធ្វើជាជាងចម្រុះវិញ ក្នុងនោះដូចជា ជាងម៉ាស៊ីន ជាងតុ ទូ ជាងចម្លាក់ ធ្វើកៅអី ធ្វើទ្វាបង្អួច គ្រែប្រអប់ និងទទួលធ្វើសំណង់ឡៅតឿ ដោយលោកយកថ្លៃឈ្នួលតម្លៃ ៤ហ៊ុនមាស សម្រាប់ទូមួយ។
១៩៨៧ លោកបានបោះបង់មុខរបរនេះ ហើយចាប់យកអាជីពជាអ្នកបើកឡានតាក់ស៊ីវិញម្ដង។ជាមួយអាជីពបើកឡាន តាក់ស៊ីនេះលោកដឹកភ្ញៀវពីភ្នំពេញទៅស្រែអំបិល និងពីភ្នំពេញទៅពោធិ៍សាត់។ ក្នុងឆ្នាំ ១៩៩២ លោកក៏បានផ្លាស់ប្ដូរពីអ្នកបើកឡានតាក់ស៊ី មកចាប់យកអាជីពមួយទៀត គឺអាជីពជាអ្នកលាងរថយន្តម្ដង។ ក្រោយពីប្ដូរអាជីពជាអ្នកលាងរថយន្តលោកបានបើក យានដ្ឋានផ្ទាល់ខ្លួនរហូតមកដល់បច្ចុប្បន្ន។
ការ ចាប់ផ្ដើមផលិតរថយន្ត និងស្នាដៃ
លោក ញាន ផល្លឹកចាប់ផ្ដើមផលិតរថយន្តអង្គរ ដោយសារការស្នើពីកូនស្រីច្បងរបស់លោក។ លោករំលឹកថា រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យលោកតែងដឹកកូនទៅលេងនៅកន្លែងកម្សាន្តជិះឡានបុកគ្នា ក្នុងបរិវេណសួនសម្ដេចហ៊ុន សែន។ កូនស្រីច្បងរបស់លោកបានគូររូបឡាននោះ ហើយបានទទូចឲ្យលោកធ្វើឡានឲ្យនាងជិះលេងនៅផ្ទះ។

ចាប់ តាំងពីថ្ងៃនោះមកលោកក៏មានអារម្មណ៍ដក់ជាប់ក្នុងចិត្តថាថ្ងៃណា មួយលោកនឹងធ្វើឲ្យកូនជិះឲ្យបាន។ ក្រោយពេលលឺសំដីកូននិយាយបែបនេះ លោកមិនបានប្រាប់កូនថានឹកចង់ធ្វើឡានទេ គ្រាន់តែលោកចាប់ផ្ដើមយកចិត្តទុកដាក់លើឡានភ្ញៀវដែលយកមកលាង។ លោកតែងតែពិនិត្យមើលខាងមុខ ក្រោយ លើ ក្រោម ឆ្វេង ស្ដាំរបស់ឡាន បន្ទាប់មកលោកគូរប្លង់ទុកទាំងអស់ដើម្បីទុកធ្វើប៉ាន់។

ចាប់ ពីឆ្នាំ ២០០២ រហូតមកដល់ឆ្នាំ២០១០ លោកផលិតរថយន្តអង្គរតែម្នាក់ឯងដោយដៃផ្ទាល់។ អស់រយៈពេល៧ឆ្នាំលោកផលិតបានរថយន្តចំនួន ៣គ្រឿងក្នុងនោះរួមមាន៖
រថយន្ត អង្គរ ២០០៣
រថយន្ត អង្គរ ២០០៣ ពណ៌ទឹកប៊ិច មានបណ្ដោយ ២.២ម៉ែត្រ ទទឹង ១.២ម៉ែត្រ ចំណាយពេលអស់ ៦ខែនិងថវិកា៩០០ដុល្លារ។ ផលិតផលសម្រេចដំបូងនេះ គឺដំណើរការដោយម៉ាស៊ីនម៉ូតូហុងដា កម្លាំងម៉ាស៊ីន 100cc លេខអូតូ អាចរត់បានល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចម្ងាយ១០០គីឡូម៉ែត្រស៊ីសាំងអស់៤លីត្រ។
រថយន្ត អង្គរ២០០៤
រថយន្ត អង្គរ២០០៤ ពណ៌បៃតង មានបណ្ដោយ ៣.៣៥ម៉ែត្រ ទទឹង ១.៤៥ម៉ែត្រ ទម្ងន់៨៦០ គីឡូក្រាម ប្រើពេលចំនួន១៤ខែ និងថវិកា២៧០០ដុល្លារ។ រថយន្តទី២នេះ គឺប្រើដោយម៉ាស៊ីនរថយន្តជប៉ុន កម្លាំងម៉ាស៊ីន 660cc លេខដៃ។ រថយន្តនេះ អាចរត់បានល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំងអស់៧លីត្រ។
រថយន្ត អង្គរ ៣៣៣ ស៊េរី២០១០
រថយន្ត អង្គរ ៣៣៣ ស៊េរី២០១០ មានបណ្ដោយខ្លីជាងរថយន្តពីរផ្សេងទៀតដែលលោកផលិតបានគឺមានប្រវែង ត្រឹមតែ ២.៥០ម៉ែត្រ ទទឹង ១.៤០ម៉ែត្រប៉ុណ្ណោះ ។ រថយន្តស៊េរីទំនើបស៊េរីចុងក្រោយបង្អស់នេះមានទម្ងន់ត្រឹមតែ ៥៦០ គីឡូក្រាម តួរថយន្តធ្វើអំពីស្មាច់ ចំណាយពេលអស់២២ខែនិងថវិកាសរុប ប្រហែល៥០០០ដុល្លារ។ កម្លាំងម៉ាស៊ីន រថយន្តនេះ 600cc ហើយអាច រត់បានល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងស៊ីសាំងអស់៦លីត្រ។
ស៊េរី២០១០ នេះ មានលក្ខណៈពិសេសខុសពីរថយន្តធម្មតា ត្រង់ថាម៉ាស៊ីនដាក់ខាងក្រោយ មានដំបូលលើកចុះឡើងបានដោយស្វ័យប្រវត្តិ។ ជាពិសេសនោះទ្វារឡានមិនប្រើដៃបើកទេ គឺជំនួសដោយសម្លេងដើម្បីបើកជំនួសវិញ។ អ្វីដែលកាន់ប្លែកនោះគឺ ពេលយើងវាយពូកក្នុងឡាន ឬបិទទ្វារឡានខ្លាំងគឺវាស្រែកសុំឲ្យយើងថ្នមៗវា។ ឡាននេះអាចស្ដាប់តន្ត្រីបាន ដោយតភ្ជាប់ជាមួយទូរស័ព្ទដៃ។ កាន់តែអស្ចារ្យពីនេះ ពេលគេ Callមក វាទទួលដោយឯកឯង។

ស្នាដៃ នេះត្រូវបានចាប់អារម្មណ៍ពីសំណាក់សាធារណជនទាំងក្នុង និងក្រៅស្រុកជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តអង្គរក៏ត្រូវបានសារព័ត៌មានក្រៅស្រុកល្បីៗមួយចំនួនចុះ ផ្សាយផងដែរ ក្នុងនោះមានដូចជា CNN, GERMANY, TELEVISION NHK, FUJI TELEVISION, ASAHI TELEVISION, AP, REUTERS និង SIN CHOUR CHINA TELEVISION របស់ចិន។
កាល ពីថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១០ រថយន្តអង្គរត្រូវបានក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលចេញវិញ្ញាបនបត្របញ្ជាក់ក្នុងន័យចុះបញ្ជីគំនូរឧស្សាហកម្ម ដើម្បីការពារកម្មសិទ្ធិបញ្ញា។

លោក ផល្លឹកធ្វើបទបង្ហាញចំពោះសារព័ត៌មាន
បច្ចុប្បន្ន និងគម្រោងអនាគត
ក្រោយពីការតាំងបង្ហាញរួចមក រថយន្តអង្គរទទួលការកុម្ម៉ង់ទិញពីសំណាក់អតិថិជនជាតិ អន្តរជាតិជាច្រើនគ្រឿង។ ដោយមានការចាប់អារម្មណ៍បែបនេះ លោកក៏ត្រូវបានក្រុមហ៊ុន ក្នុងស្រុកមួយ សហការជាមួយក្រុមហ៊ុនដៃគូមកពីប្រទេសអាល្លឺម៉ង់ បានបោះទុនប្រមាណ២០លានដុល្លារសម្រាប់បើករោងចក្រផលិតរថយន្តអង្គរ ដើម្បីបំពេញតម្រូវការទាំងប្រើប្រាស់ក្នុងស្រុក ព្រមទាំងការនាំចេញ ក្នុងគោលបំណងស្ដែងឲ្យឆាកអន្តរជាតិឃើញថា ខ្មែរក៏មានធនធានមនុស្សមិនចាញ់ប្រទេសជិតខាង និងបណ្ដាប្រទេសផ្សេងទៀតផងដែរ។

បច្ចុប្បន្ន ទីតាំងក្រុមហ៊ុនកំពុងចាប់ផ្ដើមឈូសឆាយលើផ្ទៃដី ២០ហិកតារ ដែលគ្រោងនឹងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងរយៈពេល ៦ខែក្រោយ។

លោក ញាន ផល្លឹកបានបញ្ជាក់ថា ក្នុងដំណើរការរោងចក្រនេះក្រុមហ៊ុនត្រូវការកម្មករប្រមាណ ៣០០នាក់ ក្នុងនោះមានមួយចំនួនជាកម្មករជំនាញ។ តាមរយៈការរំពឹងទុករបស់លោកគឺ យើងសង្ឃឹមថា យើងនឹងមានលទ្ធភាពអាចផលិតរថយន្តបានចន្លោះពី៥០០គ្រឿងទៅ ១ ០០០គ្រឿងក្នុងឆ្នាំដំបូង។ លោកក៏បានបង្ហើបឲ្យដឹងដែរថា រថយន្តអង្គរនេះអាចលក់ចេញក្នុងតម្លៃចាប់ពី ៥ ០០០ដុល្លារ ក្នុងមួយគ្រឿង។

បច្ចុប្បន្ន លោក ញាន ផល្លឹកកំពុងព្យាយាមរិះរកលក្ខណៈរថយន្តជាច្រើនម៉ូត ដើម្បីផលិតចេញនាពេលខាងមុខនេះ ដោយក្នុងនោះក៏មានការចូលរួមពីសំណាក់កូនស្រីច្បងរបស់លោក ដែលជាអ្នកគូប្លង់ផងដែរ៕






Leave a Comment
Comments (0)